ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ថ្លែងអំណរគុណគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានស្វែងរកដៃគូជំនួយ ដើម្បីលើកកម្ពស់សេវាសុខាភិបាល និងគ្រប់គ្រងជនជាប់ឃុំ
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តែងយកចិត្តទុកដាក់ចំពោះការលំបាករបស់អគ្គនាយកដ្ឋានពន្ធនាគារ ដោយបានស្វែងរកដៃគូជំនួយដើម្បីផ្តល់សម្ភារបច្ចេកទេស និងរថយន្តសង្គ្រោះសម្រាប់គាំទ្រលើកកម្ពស់សេវាសុខាភិបាលពន្ធនាគារ និងគ្រប់គ្រងជនជាប់ឃុំតាមបទដ្ឋាន ដែលធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌។
ការថ្លែងបែបនេះរបស់ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញចូលរួមពិធីសំណើសុំបំពាក់ប្រអប់បណ្តឹងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) និងមណ្ឌលអប់រំកែប្រែទី១ (ម១) ដើម្បីសម្រួលដល់ជនជាប់ឃុំងាយស្រួលក្នុងការដាក់ពាក្យបណ្ដឹង និងដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ។
ទន្ទឹមនឹងនេះ ឯកឧត្តម អគ្គនាយក ក៏បានថ្លែងអំណរគុណគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ជាពិសេសតែងតែយកចិត្តទុកដាក់ចំពោះ អំពីស្ថានភាពសិទ្ធិមនុស្សនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដោយបានវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារដោយឈរលើសច្ចភាព ភាពជាក់ស្តែង ពីលក្ខខណ្ឌរស់នៅរបស់ជនជាប់ឃុំក្នុងពន្ធនាគារ ដែលការងារនេះ ត្រូវបានយកចិត្តទុកដាក់លើកកម្ពស់ពីរាជរដ្ឋបាភិបាល ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធនាគារ។
ឆ្លៀតឱកាសនោះ ឯកឧត្តម អគ្គនាយក បានលើកឡើងថា ពិធីនេះជាជំហានមួយយ៉ាងសំខាន់ ក្នុងការជំរុញការគោរពសិទ្ធិមនុស្ស និងធានារក្សាសម្ងាត់ នៃព័ត៌មានជនជាប់ឃុំ ជាពិសេសគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាប់ផ្តើមដំណើរការបំពាក់ប្រអប់បណ្ដឹងនៅពន្ធនាគារជាលើកដំបូង ដើម្បីបង្កើនភាពងាយស្រួលដល់ជនជាប់ឃុំក្នុងការដាក់ពាក្យបណ្តឹង និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព តម្លាភាព៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ
.jpg)
.jpg)
.jpg)