ថ្ងៃសៅរិ៍ ០៦-មិថុនា-២០២៦ ០៦:១២:៥៧ ព្រឹក

លោកជំទាវ ជូ ប៊ុនអេង ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ The Royal Canadian Mounted Police (RCMP) នៃស្ថានទូតកាណាដាប្រចាំទីក្រុងបាងកក ដើម្បីស្វែងរកកិច្ចសហការ ក្នុងការប្រឆាំងការជួញដូរមនុស្ស និងដំណោះស្រាយបញ្ហាជនអន្តោប្រវេសន៍

លោកជំទាវ ជូ ប៊ុនអេង ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ The Royal Canadian Mounted Police (RCMP) នៃស្ថានទូតកាណាដាប្រចាំទីក្រុងបាងកក ដើម្បីស្វែងរកកិច្ចសហការ ក្នុងការប្រឆាំងការជួញដូរមនុស្ស និងដំណោះស្រាយបញ្ហាជនអន្តោប្រវេសន៍

ទីស្ដីការក្រសួងមហាផ្ទៃ៖ ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ The Royal Canadian Mounted Police (RCMP) ដែលដឹកនាំដោយលោក Paul Huston, Counsellor/Liason Officer Bangkok, Thailand និងសហការី នៃស្ថានទូតកាណាដាប្រចាំទីក្រុងបាងកក ក្នុងគោលបំណង ស្វែងរកកិច្ចសហការ ក្នុងការប្រឆាំងការជួញដូរមនុស្ស និងរកដំណោះស្រាយបញ្ហាជនអន្តោប្រវេសន៍ ដោយមានសមាសភាពចូលរួមពី អគ្គលេខាធិការ អគ្គលេខាធិការរង អនុប្រធាននាយកដ្ឋាន ប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

 

លោកជំទាវ ជូ ប៊ុនអេង បានថ្លែងក្នុងនាមឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ដោយធ្វើការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកអនឡាញឱ្យអស់ពីកម្ពុជា និងអំពើពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស។ លោកជំទាវក៏បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកាណាដាដែលបានយកចិត្តទុកដាក់សហការ និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។

 

លោក Paul Huston បានលើកឡើងអំពីការរីកសាយភាយនូវបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ ដែលផ្សារភ្ជាប់ជាមួយអំពើជួញដូរមនុស្ស នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ដែលរួមមានកម្ពុជាផងដែរ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលកាណាដា កំពុងយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសនេះ ហើយកាណាដា រីករាយក្នុងការសហការជាមួយកម្ពុជា ក្នុងការផ្តល់វគ្គបណ្តុះ បណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីមានសមត្ថកិច្ចកម្ពុជា ដោយចង់ឱ្យវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅកម្ពុជា ដើម្បីបានដាក់បញ្ចូលមន្រ្តីជំនាញ ក្នុងការអនុវត្តជំនាញត្រួតពិនិត្យការឆ្លងកាត់ព្រំដែនគោក អាកាស និងវិធីសាស្រ្តស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងជំនាញកំណត់សញ្ញាណនៃជនសង្ស័យ ការពិនិត្យឯកសារ ដែលឈានដល់ការទប់ស្កាត់ ឬបណ្តេញចេញ ជាដើម។

 

ជាការឆ្លើយតប លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ បានស្វាគមន៍ចំពោះកិច្ចសហការ និងស្នើសុំឱ្យមានលិខិតជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្ញើជូនមកឯកឧត្តម អភិសន្តិបណ្ឌិត ប្រធាន គ.ជ.ប.ជ ដើម្បីមានគោលការណ៍ ក្នុងចំណាត់ការសម្របសម្រួលកិច្ចសហការ និងធ្វើផែនការឱ្យបានជាក់លាក់។