ថ្ងៃសៅរិ៍ ០៦-មិថុនា-២០២៦ ០៥:១៧:៣១ ព្រឹក

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រៀបចំពិធីទទួលការចុះអធិការកិច្ចពីមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ដើម្បីត្រួតពិនិត្យការងារអនុវត្តដីកា ព្រមទាំងការជូនដំណឹងអំពីសាលដីកាកំបាំងមុខ

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រៀបចំពិធីទទួលការចុះអធិការកិច្ចពីមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ដើម្បីត្រួតពិនិត្យការងារអនុវត្តដីកា ព្រមទាំងការជូនដំណឹងអំពីសាលដីកាកំបាំងមុខ

ខេត្តពោធិ៍សាត់៖ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់ និងជំរុញការងារអនុវត្តដីកាឱ្យកាន់តែមានប្រសិទ្ធភាព នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីទទួលការចុះអធិការកិច្ច និងត្រួតពិនិត្យការងារអនុវត្តដីកា ព្រមទាំងការជូនដំណឹងអំពីសាលដីកាកំបាំងមុខ ពីឯកឧត្តមបណ្ឌិត នួន សាន អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការ អមសាលាឧទ្ធរណ៍បាត់ដំបង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ ពិធីនេះមានអញ្ជើញចូលរួមពី ឯកឧត្តមអគ្គព្រះរាជអាជ្ញារង ឯកឧត្តមព្រះរាជអាជ្ញា សាលាដំបូងខេត្ត ប្រតិភូអមសាលាឧទ្ធរណ៍បាត់ដំបង និងក្រុមការងារ លោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង នាយ នាយរងផ្នែក និងលោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលជាមន្ត្រីនគរបាលយុត្តិធម៌ សរុបចំនួន១៣០នាក់។ 

 

លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានអានរបាយការណ៍ស្វាគមន៍ និងវឌ្ឍនភាពការងាររបស់នគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្ត ស្តីពីលទ្ធផលការងារអនុវត្តដីកា ការស្រាវជ្រាវតាមចាប់ខ្លួនជនជាប់ចោទ និងជនត្រូវផ្តន្ទាទោស ព្រមទាំងបញ្ហាប្រឈមនានាក្នុងដំណើរការអនុវត្តសាលដីកា និងដីកាដែលនៅសេសសល់។

 

ឯកឧត្តមព្រះរាជអាជ្ញា វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តពោធិ៍សាត់ ឯកឧត្តម និងលោកជំទាវ អនុលេខាធិការ អមសាលាឧទ្ធរណ៍បាត់ដំបង បានថ្លែងនូវប្រសាសន៍ចំណាប់អារម្មណ៍ លើការងាររបស់នគរបាលយុត្តិធម៌ លើការអនុវត្តដីកា និងការជូនដំណឹងអំពីសាលដីកាកំបាំងមុខ និងសិក្សាស្វែងយល់បន្ថែម និងរិះរកដំណោះស្រាយ សម្រាប់អនុវត្តតួនាទីភារកិច្ច ប្រកបវិជ្ជាជីវៈ។ កិច្ចប្រជុំអធិការកិច្ចនេះ ក៏មានការធ្វើវេទិកា អំពីបញ្ហាប្រឈមលើការអនុវត្តដីកា និងសាលដីកាកំបាំងមុខ ដោយមានការពន្យល់បង្ហាញនូវនិតីវិធី កិច្ចសម្របសម្រួលនិងបទពិសោធន៍ការងារដែលទទួលបានប្រសិទ្ធភាព និងត្រួតពិនិត្យនូវសៀវភៅលេខចេញ-ចូល រាល់ដីកា និងសាលដីកាកំបាំងមុខ និងឯកសារពាក់ព័ន្ធផ្សេងៗ។

 

ឯកឧត្តមបណ្ឌិត នួន សាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្តពោធិ៍សាត់ ក្នុងការអនុវត្តតួនាទី និងភារកិច្ចស្របតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធបន្តពង្រឹងកិច្ចសហការរវាងស្ថាប័នអយ្យការ និងសមត្ថកិច្ចនគរបាល ដើម្បីធានាឱ្យការអនុវត្តដីកា និងការជូនដំណឹងអំពីសាលដីកាកំបាំងមុខប្រព្រឹត្តទៅបានទាន់ពេលវេលា មានប្រសិទ្ធភាព និងស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

 

ឯកឧត្តមបណ្ឌិត អគ្គព្រះរាជអាជ្ញា បានគូសបញ្ជាក់ថា ការអនុវត្តដីកា និងការជូនដំណឹងអំពីសាលដីកាកំបាំងមុខ គឺជាកិច្ចការសំខាន់ក្នុងការធានាការអនុវត្តសេចក្តីសម្រេចរបស់តុលាការ ពង្រឹងនីតិរដ្ឋ និងលើកកម្ពស់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធយុត្តិធម៌។ ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត នួន សាន បានជំរុញឱ្យមន្ត្រីជំនាញទាំងអស់បន្តយកចិត្តទុកដាក់ អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្មារតីវិជ្ជាជីវៈ និងការគោរពច្បាប់ ការពង្រឹងគុណភាពសំណុំរឿង ដើម្បីសម្រេចបាននូវប្រសិទ្ធភាពកាន់តែប្រសើរឡើងក្នុងការអនុវត្តដីកា និងការងារយុត្តិធម៌នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានផ្តាំផ្ញើនូវ ពាក្យពេចន៍ដ៏មានន័យគួរឱ្យចងចាំ ចំនួន២ល្បះ

១. ច្បាប់អាចបង្កើតសណ្ដាប់ធ្នាប់ ប៉ុន្តែការអនុវត្តច្បាប់ដោយយុត្តិធម៌ទើបអាចបង្កើតទំនុកចិត្ត។

២.មន្ត្រីនគរបាលយុត្តិធម៌មានវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់គឺជាសសរស្ដម្ភដ៏រឹងមាំនៃនីតិរដ្ឋនិងយុត្តិធម៌សង្គម៕

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់