អតីតសិស្សនិទ្ទេស A ម្នាក់ ដែលមានជំងឺ ទទួលបានអំណោយពីរដ្ឋបាលខេត្តមណ្ឌលគិរី និងអ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ
ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះប្អូនប្រុស កំពុងជួបប្រទះបញ្ហាសុខភាព នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី និងលោក អាន សុឃីម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិកាមួយចំនួន ផ្តល់ជូនប្អូនប្រុស ងិន អ៉ីយាន អតីតសិស្សនិទ្ទេស A ប្រចាំខេត្តមណ្ឌលគិរី ដែលកំពុងមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន នៅភូមិអូរស្ពាន សង្កាត់ស្ពា នមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីជួយសម្រាលការលំបាករបស់ក្រុមគ្រួសារ។
លោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត និងលោក អាន សុឃីម បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គង់ គឹមនី អភិបាលខេត្ត ក៏ដូចជា អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដែលជានិច្ចកាល លោកតែងតែគិតគូពីសុខុមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែង សម្ភារៈ និងថវិកាទាំងនេះ រួមមាន ៖ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានផ្តល់អង្ករចំនួន ១០០គីឡូក្រាម ; អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ឧបត្ថម្ភថវិកា ១លានរៀល ; សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានផ្តល់ អង្ករ ៣០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីតសម្ភារៈមួយកញ្ចប់ និងថវិកាចំនួន ៣០ម៉ឺនរៀល ; លោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០ម៉ឺនរៀល និងលោក ទាវ សំណាង បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនរៀលផងដែរ។
នាឱកាសនោះ លោក សាន់ ដារិទ្ធិ លោក អាន សុឃីម រួមទាំងសហការី បានលើកទឹកចិត្តឱ្យប្អូនប្រុស ងិន អ៉ីយាន ខិតខំព្យាបាលសុខភាព និងសូមជូនពរឆាប់ជាសះស្បើយ៕
.jpg)
.jpg)
.jpg)