សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី ចូលជួបសម្តែងការគួរសម
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយនឹងឯកឧត្តម Dacian Julien Cioloş និងប្រតិភូក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចសង្ឃឹមថា វត្តមានរបស់ ឯកឧត្តម និងប្រតិភូ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងរ៉ូម៉ានី កាន់តែរឹងមាំ និងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអង្គការហ្វ្រង់កូហ្វូនី កាន់តែល្អប្រសើរបន្ថែមទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសម នាឱកាសនេះ។ ឯកឧត្តមក៏បាននាំនូវសាររបស់ឯកឧត្តមប្រធានាធិបតីរ៉ូម៉ានី ថ្វាយព្រះមហាក្សត្ររបស់កម្ពុជា និងសួរសុខទុក្ខសម្ដេចតេជោប្រមុខរដ្ឋស្តីទីផងដែរ។ ឯកឧត្តមបានលើកឡើងថា កម្ពុជា និងរ៉ូម៉ានី មានទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងបន្ថែមទៀត។ ជាមួយគ្នានេះ នៅក្នុងក្របខ័ណ្ឌអង្គការហ្វ្រង់កូហ្វូនី ឯកឧត្តម ក៏បានជម្រាបសម្ដេចតេជោថា ឯកឧត្តមគឺជាបេក្ខភាពតំណែងអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ហើយក៏បានចែករំលែកអំពីតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ក្នុងការដើរតួយ៉ាងសំខាន់ក្នុងការពង្រីក និងពង្រឹងនូវពហុភាគីនិយម និងលើកស្ទួយបន្ថែមទៀត។
នៅក្នុងក្របខ័ណ្ឌ នៃកិច្ចការអន្តរជាតិនេះ ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅក្នុងខែវិច្ឆិកាខាងមុខនេះ ដែលឯកឧត្តមចាត់ទុកថា ភាពជាម្ចាស់ផ្ទះនេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជានៅក្នុងការចូលរួមចំណែកក្នុងក្របខណ្ឌនៃអង្គការហ្វ្រង់កូហ្វូនី នេះ។
សម្ដេចតេជោ ក៏បានអរគុណចំពោះសារសុខទុក្ខរបស់ឯកឧត្តមប្រធានាធិបតី រ៉ូម៉ានី ថ្វាយចំពោះព្រះមហាក្សត្រកម្ពុជា ក៏ដូចជាសួរសុខទុក្ខចំពោះសម្ដេចផ្ទាល់។ សម្ដេចតេជោក៏បានចែករំលែកនូវស្ថានការណ៍អន្តរជាតិ ជាមួយឯកឧត្តម និងប្រតិភូ អំពីពហុភាគីនិយម ជាពិសេសនៅក្នុងក្របខណ្ឌនៃតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ដើម្បីធ្វើយ៉ាងណាក្នុងនាមជាអង្គការដែលមានសមាជិកដ៏ច្រើន ដែលសមាជិកពេញសិទ្ធិនៅពេលបច្ចុប្បន្នមានរហូតដល់៥៣ប្រទេស ដែលក្នុងចំណោមសមាជិកទាំងអស់នោះត្រូវតែពង្រឹងនូវការកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនីកាន់តែមានសក្តានុពល ឬក៏កាន់តែរីកចម្រើនបន្ថែមទៀត។
សម្ដេចតេជោ ក៏បានចែករំលែកនូវទស្សនៈទាក់ទងទៅនឹងការពង្រីកនៅក្នុងក្របខ័ណ្ឌអង្គការហ្វ្រង់កូហ្វូនី តាមរយៈការប្រាស្រ័យទាក់ទង ឬក៏កិច្ចការសេដ្ឋកិច្ចជាមួយគ្នាដែលប្រទេសនៅក្នុងសមាជិកគួរតែពង្រឹងបន្ថែម នៅក្នុងការធ្វើនូវកិច្ចសហការសេដ្ឋកិច្ចក៏ដូចជាពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឱ្យមានការគាំទ្រដល់នយោបាយនៃទំនាក់ទំនងរវាងប្រទេសដែលជាសមាជិក។ បន្ថែមលើសពីនេះ សម្ដេចតេជោ ក៏បានចែករំលែកថា អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ។ ឯកឧត្តមបានជម្រាបជូនថា នៅក្នុងកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខាងមុខ ឯកឧត្តមប្រធានាធិបតីរ៉ូម៉ានី នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា រួមទាំងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួនទៀត។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៅវិញដោយរង់ចាំស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមប្រធានាធិបតី និងអ្នកធុរកិច្ចទាំងអស់មកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ៕.jpg)
.jpg)
.jpg)
.jpg)
.jpg)